1 Timothy 6

1ចូរឲ្យ​អស់​អ្នក​ដែលនៅក្រោមនឹម​ជា​បាវបម្រើ​ចាត់​ទុក​ចៅហ្វាយខ្លួនថា​ជា​អ្នក​ដែល​ស័ក្ដិសម​ទទួល​កិត្ដិយសគ្រប់បែបយ៉ាងដើម្បីកុំ​ឲ្យ​គេ​ប្រមាថ​ព្រះ​នាមនិង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់ឡើយ 2អ្នកណា​ដែលមានចៅហ្វាយ​ជា​អ្នកជឿអ្នក​នោះ​មិន​ត្រូវ​បង្ហាញ​ការ​មិនគោរព​ចៅហ្វាយ​នោះ​ដោយព្រោះតែជាបងប្អូន​នឹង​គ្នា​ឡើយផ្ទុយទៅវិញ​ត្រូវ​បម្រើ​ចៅហ្វាយ​នោះ​ឲ្យកាន់​តែ​ប្រសើរដោយព្រោះអ្នកដែលទទួល​ផល​ប្រយោជន៍​ពីការ​បម្រើ​ដ៏​ល្អ​នោះ​ជាអ្នកជឿហើយ​ជា​អ្នក​ជា​ទី​ស្រលាញ់​ទៀត​ផង។ ​ចូរ​បង្រៀននិងដាស់តឿន​គេ​អំពី​សេចក្ដី​ទាំងនេះ​ចុះ។ 3បើអ្នកណាបង្រៀន​សេចក្ដី​ណា​ផ្សេង​ទៀតហើយមិនយល់ស្របនឹង​ព្រះ​បន្ទូល​ដ៏​ត្រឹមត្រូវរបស់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងនិងសេចក្ដីបង្រៀន​អំពី​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 4អ្នកនោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​គេ​មិនយល់​អ្វី​ទាំងអស់​គឺ​វក់តែនឹងការ​សួរ​ដេញ​ដោល​គ្នាហើយប្រកែក​គ្នា​អំពី​ពាក្យដែលនាំឲ្យមានការឈ្នានីសការបាក់បែកការ​ជេរ​ប្រមាថការសង្ស័យ​ដ៏​អាក្រក់ 5និងការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិតស្អុយរលួយហើយ​គ្មាន​សេចក្ដីពិត​ក្នុង​ខ្លួន​ព្រោះ​ពួកគេ​ស្មានថាការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ 6ប៉ុន្ដែការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ដោយចិត្ដស្កប់ស្កល់​នោះ​ជាកម្រៃមួយធំ​បំផុត។ 7ដ្បិតយើង​មិន​បាន​យក​អ្វី​ចូល​មកក្នុងពិភពលោកនេះទេហើយ​ក៏​មិនអាចយកអ្វីចេញ​ពី​ពិភព​លោក​នេះ​បានដែរ 8ដូច្នេះបើ​យើង​មានអាហារនិងសម្លៀកបំពាក់នោះ​យើង​ស្កប់ចិត្ត​ហើយ។ 9រីឯពួក​អ្នកដែលចង់ធ្វើ​ជា​អ្នក​មាន​គេ​ធ្លាក់ចូលក្នុង​សេចក្ដី​ល្បួងនិងអន្ទាក់ព្រមទាំង​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ល្ងង់ខ្លៅជាច្រើនដែល​ធ្វើ​ឲ្យ​ឈឺចាប់​សេចក្ដី​ទាំងនេះ​ពន្លិចមនុស្សទៅក្នុង​សេចក្ដី​វិនាសនិងសេចក្ដីអន្តរាយ 10ដ្បិតការ​ស្រលាញ់​លុយជាឫសនៃ​អំពើ​អាក្រក់គ្រប់បែបយ៉ាង​ហើយ​អ្នក​ខ្លះ​ដោយ​លោភ​ចង់បាន​លុយ​ក៏​ត្រូវ​វង្វេងចេញពីជំនឿហើយ​បាន​ចាក់ទម្លុះខ្លួនដោយសេចក្ដីទុក្ខព្រួយជាច្រើន​ផង។ 11រីឯអ្នកវិញអ្នក​សំណប់​របស់​ព្រះជាម្ចាស់អើយ! ​ចូរ​គេចចេញ​ពី​សេចក្ដី​ទាំងនេះហើយដេញតាម​សេចក្ដី​សុចរិតការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ជំនឿ​សេចក្ដី​ស្រលាញ់​សេចក្ដី​អត់ធ្មត់​និង​សេចក្ដីស្លូតបូត​ចុះ។ 12ចូរតយុទ្ធខាងជំនឿ​ឲ្យ​បាន​ល្អ​ចូរ​ឈោង​ចាប់​ជីវិត​អស់កល្ប​ជានិច្ចដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​ឲ្យ​មក​ទទួលចុះ​ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អនៅចំពោះមុខសាក្សី​ជា​ច្រើន​ដែរ។ 13នៅចំពោះព្រះជាម្ចាស់ដែល​បាន​ប្រទានជីវិត​ដល់​អ្វីៗ​ទាំងអស់និង​នៅចំពោះ​ព្រះ​គ្រិស្ដយេស៊ូ​ដែល​បាន​ធ្វើបន្ទាល់​ដោយ​សេចក្ដី​ប្រកាសដ៏ល្អនៅចំពោះមុខ​លោក​ប៉ុនទាសពីឡាត់​ខ្ញុំ​បង្គាប់អ្នកថា 14ចូរកាន់តាមបញ្ញត្ដិ​ឲ្យ​បាន​ល្អឥតខ្ចោះឥត​បន្ទោស​បានរហូតដល់​ពេល​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងយាងមក 15ដែលព្រះជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញនៅពេលកំណត់។ ​ព្រះជាម្ចាស់​ជាព្រះ​ដ៏​មានពរ​ហើយ​ជា​ព្រះ​តែ​មួយ​គត់​មាន​សិទ្ធិអំណាចធំ​ជា​ស្ដេចលើ​អស់ទាំង​ស្ដេច​ជា​ព្រះអម្ចាស់លើ​អស់ទាំង​ព្រះអម្ចាស់ 16ជាព្រះតែ​មួយ​គត់​ដែល​មិនសោយទិវង្គត​ព្រះអង្គ​គង់នៅ​ក្នុង​ពន្លឺ​ដែល​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ​ហើយ​ជា​ព្រះ​ដែលគ្មានមនុស្ស​ណា​ម្នាក់​បាន​ឃើញអាចមើលឃើញបានដែរ​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះកិត្ដិយសនិង​ព្រះ​ចេស្ដា​អស់កល្ប​ជានិច្ចអាម៉ែន 17ចូរបង្គាប់​ពួក​អ្នកមាននៅក្នុងពិភពលោកនេះកុំឲ្យមាន​ឫក​ខ្ពស់​ទុកចិត្ដ​ទ្រព្យសម្បត្ដិ​ដែល​មិន​ទៀង​ទាត់ឡើយផ្ទុយទៅវិញ​ត្រូវ​ទុកចិត្ដ​ព្រះជាម្ចាស់ដែលប្រទាន​អ្វីៗ​ទាំងអស់យ៉ាងបរិបូរ​ដល់​យើងដើម្បី​ឲ្យ​យើង​មាន​អំណរ 18ចូរឲ្យ​ពួកគេ​ប្រព្រឹត្ដ​ល្អ​ធ្វើ​ជា​អ្នកមានខាងការល្អ​មាន​ចិត្ដសប្បុរស​ហើយ​មាន​ចិត្ដ​ចែករំលែក​ផង 19ឲ្យពួកគេ​សន្សំ​ទ្រព្យ​ដែល​ជា​គ្រឹះដ៏ល្អទុកសម្រាប់​ខ្លួន​នា​ពេល​អនាគត​ដើម្បីឈោងចាប់ជីវិត​ដ៏​ពិតប្រាកដ 20ធីម៉ូថេអើយ! ​ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ​ចូរ​ចៀសចេញ​ពី​ពាក្យ​សំដី​ខាងលោកិយ​ដែល​គ្មានខ្លឹមសារព្រមទាំង​ពាក្យ​សំដី​ជំទាស់ដែល​គេ​ច្រឡំ​ថា​ជា​ចំណេះដឹង 21ទាំងមាន​អ្នក​ខ្លះប្រកាស​អំពី​ចំណេះ​បែប​នេះ​ហើយ​វង្វេងចេញ​ពី​ជំនឿ។ ​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ
Copyright information for KhmKCB